ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ១០:២៤ (08-02-2017 10:24)
តាមការសិក្សាបានបង្ហាញថា ការទទួលយកសំណើសុំធ្វើមិត្តភក្តិក្នុងហ្វេសប៊ុក អាចនឹងបង្កើនអាយុ ប្រសិនបើអ្នកទទួលយកសំណើសុំធ្វើមិត្តក្នុងហ្វេសប៊ុកទាំងអស់ អ្នកប្រហែលជានឹងមានអាយុវែង និងមានសុខភាពល្អ អារម្មណ៍ស្រស់ស្រាយ ។
ក្រុមអ្នកវិទ្យាសាស្ដ្រដែលបានសិក្សាពីសកម្មភាពក្នុងហ្វេសប៊ុកអស់រយៈពេលជាងមួយទសវត្សបានបង្ហាញថា មនុស្សដែលមានទំនាក់ទំនងក្នុងបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមយ៉ាងសកម្ម និងទទួលបានសំណើសុំធ្វើមិត្តភក្តិច្រើននឹងមានសុខភាពល្អ អាយុវែង ។
ការសិក្សានេះបានចេញផ្សាយនៅក្នុងគេហទំព័រ National Academy of Science ដឹកនាំដោយសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ Northeastern គឺលោក Williams Hobb និងសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យកាលីហ្វញ៉ា ទីក្រុង San Diego លោកសាស្ត្រាចារ្យ James Fowler បានបង្ហាញថា ការសិក្សានេះរកឃើញពីទំនាក់ទំនងរវាងសុខភាពរបស់មនុស្ស និងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេ មិនថាជាទំនាក់ទំនងមនុស្សដោយផ្ទាល់ឬតាមអនឡាញ ។ «យើងបានរកឃើញថា អ្នកប្រើប្រាស់ហ្វេសប៊ុកដែលព្រមទទួលយកមិត្ដច្រើន មានការថយចុះហានិភ័យនៃការស្លាប់ ប៉ុន្តែការសិក្សាមិនបានរកឃើញពីទំនាក់ទំនងចំពោះអ្នកដែលផ្តួចផ្តើមចំណងមិត្តភាពនោះទេ» នេះបើយោងតាមអ្នកនិពន្ធបានសរសេរ ។ ហានិភ័យនៃការស្លាប់មានកម្រិតទាបបំផុតសម្រាប់អ្នកដែលមានទំនាក់ទំនងក្រៅបណ្ដាញសង្គមក្នុងកម្រិតខ្ពស់ និងមានកម្រិតមធ្យមចំពោះអ្នកដែលមានទំនាក់ទំនងក្នុងបណ្តាញសង្គមអនឡាញ ។
លោក Hobbs ជឿថា មនុស្សដែលមានទំនាក់ទំនងមធ្យមនៅលើហ្វេសប៊ុក ទំនងជារក្សាចំណងមិត្ដភាពជាមួយនឹងមិត្តភក្តិពួកគេទាំងនៅក្រៅប្រព័ន្ធបណ្តាញសង្គម លោកបាននិយាយនៅក្នុងព្រឹត្តិបត្ររបស់សាកលវិទ្យាល័យ Northeastern ។
នៅក្នុងការសិក្សារបស់ពួកគេលោក Hobbs និងលោក Fowler បានទាញយកទិន្នន័យរយៈពេលជាងប្រាំមួយខែពីអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន១២លាននាក់ដែលមានមូលដ្ឋាននៅរដ្ឋ California កាលពីឆ្នាំ២០១១ ហើយបានប្រៀបធៀបទិន្នន័យរបស់ពួកគេទៅនឹងកំណត់ត្រាពីក្រសួងសុខាភិបាលសាធារណរដ្ឋកាលីហ្វញ៉ាពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៣ ដើម្បីពិនិត្យមើលពីចំនួនមនុស្សដែលបានស្លាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំនោះ ។ អ្នកប្រើប្រាស់ហ្វេសប៊ុកទាំងនោះ កើតនៅចន្លោះឆ្នាំ១៩៤៥ និងឆ្នាំ១៩៨៩ ។
លោក Hobbs បានឱ្យដឹង នៅក្នុងព្រឹត្តិបត្រថា «អ្នកប្រហែលជាគិតថា ទំនាក់ទំនងដែលយើងបានរកឃើញនេះមានលទ្ធផលចំពោះភាគីទាំងពីរ ។ ការរកឃើញនេះជាការខកចិត្តមួយ ព្រោះវាបានបង្ហាញថា មនុស្សដែលចេញទៅក្រៅ និងបង្កើតមិត្តភក្តិកាន់តែច្រើនអាចនឹងមិនធ្វើឲ្យសុខភាពរបស់ពួកគេមានភាពប្រសើរឡើង» ៕







0 comments:
Post a Comment